ដង្កូវហ្វូងដែលបានកំពុងវាយប្រហារបំផ្លាញផលដំណាំរបស់ប្រជាកសិករ មកដល់ពេលនេះ គឺបានកើតឡើងនៅខេត្តចំនួន១៥នៅទូទាំងប្រទេសកម្ពុជា និងបានធ្វើឱ្យប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋជាង ២៣.០០០ហិកតា ។ បើតាមឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័ន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ចំពោះផលដំណាំដែលត្រូវបានដង្កូវហ្វូងវាយប្រហារទាំងជាង ២៣.០០០ហិកតានោះ ក្នុងនោះដំណាំស្រូវមានប្រហែល ១៥.០០០ហិកតា និងដំណាំឧហ្សាហកម្មដែលភាគច្រើនជាដំណាំដំឡូងមីជាង ៨.០០០ហិកតា។ ចំពោះវិធានការអន្តរាគមន៍ទប់ស្កាត់ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម បញ្ជាក់ថា គឺនឹងត្រូវប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ទើបអាចកម្ចាត់ដង្កូវហ្វូងទាំងនោះបាន។
ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករតាមដានផលដំណាំឱ្យបានជាប់ជាប្រចាំ ដោយមិនត្រូវទុកទាល់តែឃើញមានក្រុមដង្កូវហ្វូងចូលស៊ីផលដំណាំទើប មានវិធានការនោះទេ ព្រោះដង្កូវនេះមានលទ្ធភាពវាយប្រហារផលដំណាំបានយ៉ាងលឿន។
ឯកឧត្តមបន្តថា ដង្កូវហ្វូងនេះ បានបើតាមសន្និដ្ឋានពីខាងជំនាញគឺបានផ្ទុះតាំងពីមួយរយៈពេលមុនមកម្លេះ ប៉ុន្តែប្រជាកសិករទើបតែចាប់អារម្មណ៍នៅពេលដង្កូវចាប់ផ្តើមស៊ីដំណាំក្នុងទំហំច្រើន ចំណែកមូលហេតុធំដែលនាំឱ្យកើតមានដង្កូវហ្វូងនេះ គឺដោយសារតែការប្រែប្រួលអាកាសធាតុ អាកាសធាតុក្តៅ និងបានអូសបន្លាយរយៈពេលយូរ និងបាត់បង់សត្វដែលមានប្រយោជន៍ និងបំផ្លាញសត្វដង្កូវទាំងនោះ ដូចជា សត្វចាប និងសត្វឃ្មុំជាដើម។
សូមជម្រាបថា ដង្កូវហ្វូងគឺបានវាយប្រហារបំផ្លាញផលដំណាំរបស់ប្រជាកសិករក្នុងខេត្តចំនួន១៥នៅទូទាំងប្រទេស ក្នុងនោះ រួមមានខេត្ត បន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តសៀមរាបជាដើម៕