ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋលើកឡើងថា! តើហេតុអ្វីបានជាលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង គ្មានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬភ្លេចបទបញ្ជាសម្តេចធិបតី?
ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មាន ២ទីតាំង នៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងតែដំណើរការយ៉ាងរលូន ហេតុនេះតាមរយៈគេហទំព័រ វិថីនៃព័ត៌មាន ពលរដ្ឋបាននិយាយថា សង្ស័យអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង ជាអ្នកបើកដៃឱ្យល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានជាផលប្រយោជន៍ណាមួយ ឬខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មិនហ៊ានចាត់កម្លាំងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព នាំឱ្យប្រជាពលរដ្ឋមូលដ្ឋានកើត ក្តីព្រួយបារម្ភពីភាពអសន្តិសុខនៅក្នុងសង្គម និងអំពើរហិង្សានៅក្នុងគ្រួសារ។
ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលទើបឡើងកាន់ដំណែងថ្មី ប្រើកណ្តាប់ដៃដែក ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ព្រមទាំងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។