ឯកឧត្តម ប៉ែន កុសល្យ ណែនាំបង្ក្រាបឲ្យខានតែបានក្នុងខេត្តត្បូងឃ្មុំ នូវល្បែងសុីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាក្មេងទំនើង ត្រូវជាន់ឲ្យជាប់ ហាមដាច់ខាតអន្តរាគមន៍

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ណែនាំឲ្យស្ថាប័នតុលាការ កងកម្លាំងទាំង៣ប្រភេទ ពន្ធនាគារខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៧ អធិការ មេបញ្ជាការ មេប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាលុបបំបាត់ឲ្យខានតែបាន នូវល្បែងជល់មាន់ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន បទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង ត្រូវជាន់ឲ្យជាប់ ហាមដាច់ខាតអន្តរាគមន៍។

ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ គ សាលាខេត្ត។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីរដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល។ ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យល្អប្រសើរ ការពារឲ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ។

ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា សម្រាប់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើឱ្យមានភាពច្បាល់លាស់លើរបាយការណ៍សម្រាប់គម្រោងអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ដើម្បីធានាឱ្យបាននៅការអភិវឌ្ឍន៍របស់យើងចំគោលដៅ និងគោលបំណងពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលក្រុង ស្រុកទាំង៧ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសរក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំ ទទួលបានភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រកាសថានឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន តេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕

វិថីនៃព័ត៌មាន: