កិច្ចប្រជុំរៀបចំវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាងដែលគ្មានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរៀបចំវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាងដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងគ្រប់ប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះនៅក្នុងភូមិសាស្ត្រខេត្ត មាន៤ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ រួមមាន៖
១-ក្រុមហ៊ុនលាភមហាសម្បត្តិ ឡូតូ ឯ.ក
២-ក្រុមហ៊ុនឌ្រីម វីន ខបភើរេសិន (ឆ្នោតខ្មែរ)
៣-ក្រុមហ៊ុនអេស៊ាន វែលហ្វែរ ឡូតធើរី ឯ.ក (ឆ្នោតអេស៊ាន)
៤-ក្រុមហ៊ុន ភី អេច វី ស៊ី ជី អេ ២៨៨៨ ឯ.ក(ឆ្នោតផ្សងសំណាងឡូតូ៨៨៨៨) ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម​ ណុប ដារ៉ា អភិបាលរង ខេត្តកណ្តាល បានសង្កត់ធ្ងន់ថា៖ រាល់ល្បែងឆ្នោតផ្សងសំណាងទាំងអស់ដែលមិនមែនជាក្រុមហ៊ុនទាំង៤នេះ សូមអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវអនុវត្តអោយបាននូវវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាងដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាព និងកំណត់ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដានត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងគ្រប់ប្រភេទ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់​គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួល ខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ អាស្រ័យដោយមានការចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាន
ជំនាញ ព្រមទាំងការផ្តល់ឱវាទពី ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត និងកិច្ចសហការល្អពីរមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងនោះ បានធ្វើអោយយើងទទួលបានលទ្ធផលល្អ ។
ក្នុងឆមាសទី១នេះ នៅក្នុងភូមិសាស្ត្រខេត្ត មាន៤ក្រុមហ៊ុនល្បែងស៊ីសង ដែលមានអាជ្ញាបណ្ណ ហើយក្នុង៤ ក្រុមហ៊ុននោះមាន៤សាខា សម្រាប់ធ្វើអាជីវកម្ម ប៉ុន្តែនៅក្នុងសាខាទាំងនោះពុំមានប៉ុស្តិ៍សេវាធ្វើអាជីវកម្មឡើយ។ បច្ចុប្បន្ននេះនៅតាមរោងកាហ្វេមួយចំនួន មានការលួចលេងល្បែងស៊ីសងខ្លះៗ ដូចជាល្បែងឡូតូ ជល់មាន់ អនឡាញជាដើម ក៏ប៉ុន្តែករណីនេះឲ្យតែកម្លាំងមានសម្ថកិច្ចស្រាវជ្រាវដឹង រឺទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋគឺចុះ អនុវត្តបង្ក្រាបភ្លាមតែម្តង ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណគុណ និងផ្ដាំផ្ញើ ដល់លោកលោកស្រីទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងចាត់វិធានការបង្ក្រាប និងទប់ស្កាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានា ដល់ការលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាការរួមចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕
វិថីនៃព័ត៌មាន: