ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលថ្មី

ខេត្តកណ្តាល៖ លោកស្រី ស៊ុ្រន ស្រីនាង ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អភិបាលក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកស្រី ស៊ុ្រន ស្រីនាង ដែលត្រូវបានថ្នាក់ ដឹកនាំផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តកណ្តាល ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
ឯកឧត្តម គួច ចំរើន បានគាំទ្រ និងលើកទឹកចិត្ត ដល់លោកស្រី ស៊ុ្រន ស្រីនាង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម ការអភិវឌ្ឍ និងពង្រឹង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ អភិក្រម របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា លោកស្រី ស៊ុ្រន ស្រីនាង អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្នុងការបង្កើតស្នាដៃ សមិទ្ធិផលថ្មីៗ ជួយកសាងអភិវឌ្ឍន៏ខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ឯកឧត្តម អ៊ុំ ម៉ារ៉ា មានប្រសាសន៍ផ្តាំផ្ញើដល់ លោកស្រីអភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនោះ ដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
វិថីនៃព័ត៌មាន: