ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ដឹកនាំក្រុមការងារ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សខេត្តស្ទឹងត្រែង ចំនួន៨០រូប មកពីគណបក្សប្រឆាំងនានា

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត និង ឯកឧត្តម ភឺន ផល្លាសមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ចំនួន៨០រូប ដែលជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោត មកពីគណបក្សប្រឆាំងនានា ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំង មន្ត្រីគណបក្សមូលដ្ឋានផងដែរ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ស្វាមគន៍យ៉ាងកក់ក្តៅចំនួន សមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ដែលបានប្រកាសបញ្ចូលនាឱកាសនេះ ។

មានប្រសាសន៍ក្នុងពិធីផងដែរ ឯកឧត្តមយូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត មានបង្ហាញអំពីមោទនភាពនិងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តស្ទឹងត្រែង ចំនួន៨០នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករមគ្គទេសឯកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃអត់ម្រាម រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

ឯកឧត្តមយូ សិរីវុឌ្ឍ សង្កត់ធ្ងន់ថា “គណបក្សប្រជាជនកម្ពុជា តែងតែប្រមូលផ្តុំខ្មែរទាំងមូលឱ្យចូលរួមសាមគ្គីគ្នា ដើម្បីថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ព្រោះប្រទេសយើងបាត់បង់សន្តិភាព ៥០០ឆ្នាំមកហើយ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ទេ ទើបប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ ដូច្នេះសម្តេចតេជោ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានពុះពារ ការពារដាច់ខាតមិនឱ្យជនណា ឬក្រុមណាមកបំផ្លាញសន្តិភាពបានទេ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ ក៏ប្តេជ្ញាការពារថែរក្សាសន្តិភាពជារៀងរហូតជូនប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព នឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ៕

វិថីនៃព័ត៌មាន: