សកម្មភាពមនុស្សធម៌ របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហានរងនៃកងអនុសេនាធំចល័ត ចំនួន០២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន ថវិកាចំនួន ២០០.០០០ រៀល អង្ករ០២ប៉ាវ ទឹកសុទ្ធ០២កេស ទឹកផ្លែឈើ០២កេស មី០២កេស ត្រីខ០២យួរ ព្រមទាំងនំ០២ប្រអប់ ជូនដល់ លោកព្រិន្ទបាលទោ ផល សុជា និងលោកពលបាលឯក សំ សុជាតិ  ដែលប្រពន្ធទើបនិងសម្រាលកូនរួច(លំហែមាតុភាព) កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

នៅក្នុងថ្ងៃដដែល លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយនិងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋទីទ័លក្រ និងខ្វះខាត ចំនួន០៣គ្រួសារ ដោយនាំយកនូវអំណោយជាគ្រឿង ឧបភោគបរិភោគ ក្នុងមួយគ្រួសារទទួលបាន ថវិការចំនួន ២០០.០០០ រៀល អង្ករ០២ប៉ាវ ទឹកសុទ្ធ០២កេស ទឹកក្រូច០២កេស មី០២កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ០១យួរ ។

ជាក់ស្តែងក្នុងពេលនុះដែរក៏ប្រទះឃើញដោយចៃដន្យគ្រួសារមួយទៀតដែលគាត់ជាអតីតសន្តិសុខភូមិ កំពុងតែមានជំងឺធ្ងន់ធ្ងូរសម្រាកនៅលើគ្រែ ពេលនុះលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភជាថវិការចំនួន ២០០.០០០ រៀលជូនគាត់ផងដែរ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លានេះ ពួកគាត់ទាំងអស់គ្នាក៏បានសំដែងនូវអារម្មណ៍រីករាយ និងរំភើបក្រៃលែង ហើយពួកគាត់បានថ្លែងអំណរអរគុណ និងជូនពរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងក្រុមការងារទាំងអស់ សូមឲ្យមានទេវតាតាមថែរក្សារ និងមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

វិថីនៃព័ត៌មាន: