ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកថា ព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍

ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអោយដឹងថាទីភ្នាក់ងារព័ត៌មាន Xinhua បានចាត់ទុកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ របស់ប្រទេសកម្ពុជាឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យមួយមានមានទំហំធំបំផុត មិនធ្លាប់មានពីមុនមក ដោយសារទូកងនិងទូកមួងចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុបជាង២ម៉ឺន២ពាន់នាក់មានមកពី១៩រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត។
ទីភ្នាក់ងារព័ត៌មាន Xinhua ដែលជា ទីភ្នាក់ងារព័ត៌មានរដ្ឋផ្លូវការ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានវាយតម្លៃដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលកម្ពុជារៀបចំឆ្នាំនេះ.ជាពិធីបុណ្យជាតិដ៏ធំ និងសប្បាយរីករាយបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាកាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋខ្មែរ និង ជនបរទេសប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ។ហើយនៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ម្សិលមិញនេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសអញ្ជើញមកលេងកម្សាន្តប្រកបដោយភាពរីករាយ សរុបប្រមាណជាង២លាន២សែននាក់ គឺកើនឡើងលើសថ្ងៃទីមួយចំនួន២ដង។
លោកស្រីបន្តថា ដោយឡែក ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺមានស្ថានភាពល្អប្រសើរ៕

វិថីនៃព័ត៌មាន: