អគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ នៃក្រុងសំពៅពូន ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្តាល៖ អគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ នៃក្រុងសំពៅពូន ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរក្រុងសំពៅពូន និងប្រជាពលរដ្ឋជាង ៣០០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សាងសង់អគាររដ្ឋបាលសង្កាត់ ចាប់តាំងពីពេលចាប់ផ្ដើមសាងសង់ រហូតត្រូវបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលអគារអគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺជាសមិទ្ធផលថ្មីមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញភារកិច្ចរបស់មូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ជាកន្លែងសម្រាប់បំពេញកិច្ចការងារប្រកបដោយភាពងាយស្រួល សមរម្យ ប្រកបដោយផាសុខភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណជននានាមកទទួលសេវារបស់រដ្ឋបាលសង្កាត់ ជាពិសេសគឺជាកន្លែងសម្រាប់តម្កល់ទុកដាក់ឯកសារផ្សេងៗប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផលនានា ដែលសម្រេចបាននាពេលនេះ និងនាពេលកន្លងមកធានាដល់ការប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់លុបបំបាត់ឱ្យអស់នូវរាល់បទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាដើម ជាពិសេសត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរំលឹកផងដែរថា៖ អគារសាលាសង្កាត់ព្រែកជ្រៃ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៥ ជាអំណោយរបស់ក្រសួងមហាផ្ទៃក្នុងគម្រោងADB និងបានដំណើរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០១៨ ដោយសារការបាក់ច្រាំងទន្លេ ដែលកើតមានជាបន្តបន្ទាប់ជាប់នៅនឹងអគារសាលាសង្កាត់នេះ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល បានសម្រេចសាងសង់អគារសាលាសង្កាត់ ព្រែកជ្រៃថ្មីមួយទៀត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវខេត្តលេខ១១០។ ក្រោយមកក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីច្រាំងទន្លេត្រូវបានសាងសង់ពីបេតុងយ៉ាងរឹងមាំប្រកបដោយគុណភាព និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានសម្រេចឱ្យមានការជួលជុលកែលម្អគុណភាព និងសោភ័ណភាពអគារសាលាសង្កាត់ព្រែកជ្រៃទីតាំងចាស់នេះឱ្យដំណើរការឡើងវិញ ដើម្បី ជាប្រយោជន៍សម្រាប់បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។
វិថីនៃព័ត៌មាន: