ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។
ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ សហភាព សហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ។