សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមមូលបទ «ស្ដ្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅឧទ្យានជាតិកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
កម្មវិធីនេះ រៀបចំឡើងមិនត្រឹមតែដើម្បីអបអរសាទរដល់ទិវាអន្តរជាតិនារីប៉ុណ្ណោះទេ តែក៏មានគោលបំណងពង្រឹងសាមគ្គីភាព និងជំរុញឲ្យសមាជិកតាមក្រុមផ្សេងៗគ្នា អាចមានឱកាសស្គាល់គ្នាកាន់តែជិតស្និទ្ធ និងផ្តល់នូវចំណេះដឹងមូលដ្ឋានអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការថែទាំសុខភាពផងដែរ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសគឺលោកស្រី លឹម លីដា ទីប្រឹក្សា បច្ចេកទេស និងរចនាបង្រៀន, iDE Organization និងលោកវេជ្ជបណ្ឌិត កូប រ៉លី ។
ក្នុងនោះ វាគ្មិនទាំងពីរបានចែករំលែកនូវចំណេះដឹងពីការថែទាំសុខភាព តាមរយៈទម្លាប់រស់នៅល្អ ដូចជាទម្លាប់ហាត់ប្រាណ ញ៉ាំទឹក ២លីត្រក្នុងមួយថ្ងៃ ញ៉ាំអាហារប្រកបដោយជីវជាតិគ្រប់គ្រាន់ ការសម្អាតដៃនឹងសាប៊ូជាដើម ដែលជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូប ពិសេសក្នុងបរិបទសង្គមទំនើប នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ សុខភាពជាទ្រព្យមហាសាល ហើយមនុស្សអាចសន្សំសុខភាព ដូចប្រាក់ដូច្នោះដែរ តែបើបាត់បង់សុខភាព មិនអាចទៅខ្ចី ឬរកពីអ្នកផ្សេងបានទេ។ រីឯការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារបានត្រឹមត្រូវ តាមរយៈការមានផែនការចំណាយចំណូល សន្សំច្បាស់លាស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងក្រុមគ្រួសារប្រកបដោយភាពសុខដុមរមនា។