លោកមេឃុំជើងកើប អនុញ្ញាតឱ្យលោក សុខ អាង សាងសង់សំណង់រំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ

ខេត្តកណ្តាល៖ លោក ឌិន ឌីម មេឃុំជើងកើប អនុញ្ញាតឱ្យលោក សុខ អាង សាងសង់សំណង់រំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ នៅលើផ្ទៃដី ១៦ម៉ែត្រការ៉េ នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សង្ស័យពាក់ព័ន្ធនឹងផលប្រយោជន៍ ។

ចម្ងល់មហាជនឆ្ងល់ថា តើហេតុអ្វីបានជាអាជ្ញាធរឃុំជើងកើប អនុញ្ញាតឱ្យលោក សុខ អាង សាងសង់សំណង់ដោយខុសច្បាប់ ដោយសំអាងលើប័ណ្ណកម្មសិទ្ធិ១៦ម៉ែត្រការ៉េ ដែលលោកមាន។ ជាក់ស្តែងមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោក សុខ អាង បានសាងសង់សំណង់ទំហំ បណ្តោយ ៨.៤ម៉ែត្រ និងទទឹង ១២ម៉ែត្រ ស្មើនឹង មួយរយក្បៀសប្រាំបីម៉ែត្រការ៉េ ដែលលើសពីប្លង់កម្មសិទ្ធិចំនួន ប៉ែតសិបបួនក្បៀសប្រាំបីម៉ែត្រការ៉េ ។

ប្រភពពីម្ចាស់ដីបានអះអាងថា គាត់សាងសង់សំណង់នៅលើដីរបស់គាត់ ដោយបានស្នើសុំសាងសង់ពីឃុំ និងប៉ុស្តិ៍ រួចអស់ហើយ។

ប្រភពពីលោក(ប៉ាក រ័ត្ន) ស្មៀនឃុំជើងកើប បានព្យាយាមឆ្លើយជំនួសលោកមេឃុំថា ទីតាំងសំណង់របស់លោក សុខ អាង គឺលោកជាអ្នកអនុញ្ញាតច្បាប់សាងសង់ ហើយលោកបានចុះពិនិត្យមើលរួចហើយ ចំណែកការសាងសង់សំណង់នៅក្នុងមូលដ្ឋានរបស់គាត់ គឺសុំច្បាប់បណ្តើរ សាងសង់បណ្តើរបាន។ លោកបញ្ជាក់ថា ការសាងសង់តែងតែមានការលើសលួសតិចតួច គឺសំដៅដល់ការសាងសង់រំលោភចូលដីកម្មសិទ្ធិរបស់រដ្ឋបាន។

យោងតាមច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជំពូកទី១០ ទោសប្បញ្ញត្តិ

មាត្រា៨០ ..

អ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលទទួលការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីទទួលបានដំណឹងអំពីការរំលោភលើកម្មសិទ្ធិនិងសិទ្ធិស្របច្បាប់របស់រដ្ឋលើទ្រព្យសម្បត្តិរដ្ឋ ដែលព្រងើយកន្តើយដោយមិនចាត់វិធានការតាមផ្លូវច្បាប់ ឱ្យទាន់ពេលវេលា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ដល់៣(បី)ឆ្នាំ និងពិន័យជាប្រាក់១ ០០០ ០០០ (មួយលាន) រៀល ដល់១០ ០០០ ០០០(ដប់លាន) រៀល។

មាត្រា៨១ ..

រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល។

មាត្រា៨៧..

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨០ ៨១ ៨២ ៨៣ និងមាត្រា៨៤ មិនលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបទល្មើសពុករលួយទេ ក្នុងករណីដែលអ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត បានប្រព្រឹត្តដោយទទួលបានអត្ថប្រយោជន៍ក្នុងការបំពេញមុខងាររបស់ខ្លួនឬក្នុង ឱកាសនៃការបំពេញមុខងាររបស់ខ្លួនដែលមានចែងក្នុងច្បាប់នេះ និងក្នុងច្បាប់និងបទប្បញ្ញត្តិដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា ដែល ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខតែមួយគត់របស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត និងកសាង សំណុំរឿងពុករលួយទៅតុលាការ។

ប្រជាជនសំណូមពរដល់ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីរដែនដី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមពិនិត្យចំពោះមន្ត្រីក្រោមឱវាទ និងចាត់វិធានការចំពោះការសាងសង់សំណង់របស់លោក សុខ អាង មានដីតែ១៦ម៉ែត្រការ៉េ តែសាងសង់រំលោភលើដីរដ្ឋខាងលើនេះ និងស្នើជាពិសេសឯកឧត្តម ឱម យិនទៀង នឹងបើកការស៊ើបអង្កេត អនុវត្តច្បាប់លើម្ចាស់សំណង់ និងមន្ត្រីពាក់ព័ន្ធ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះផងដែរ នៅពេលដែលក្រុមការងារព័ត៌មានបានចុះទៅដល់ទីតាំងដើម្បីសិក្សាព័ត៌មានខាងលើ នេះ ប្រជាពលរដ្ឋក៏បានឱ្យដឹងទៀតនោះគឺ នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង មានការឃុបឃិតគ្នា ចាក់ដីរំលោភយក (អូរបង្ហូរទឹក)  ទំហំជាងមួយហិកតា ដែលជាសម្បត្តិសារធារណៈរបស់រដ្ឋ រួចធ្វើប័ណ្ណកម្មសិទ្ធិរួចរាល់។ព័ត៌មានបឋម

   

វិថីនៃព័ត៌មាន: