ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៤

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡារួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានមានប្រសាសន៍បិទសន្និបាតរយៈពេលពីរថ្ងៃដោយធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ដែលបានអនុវត្តកន្លងមក មន្ទីរ និងដៃគូអភិវឌ្ឍន៍រួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ ដូច ជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋដែលជួបការលំបាកមានលទ្ធភាព ចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះ ស្ថានសិក្សាសាធារណៈ ការដោះស្រាយតម្រូវការបន្ទាន់ ភ្លាមៗ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សក្រីក្រ។
ឯកឧត្តមបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកណ្តាល សូមកោតសសើរចំពោះការយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការលើក កម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទ ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាព និងការលើកទឹកចិត្តបុគ្គលិក ព្រមទាំងការបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិក្នុងការគ្រប់គ្រងសេវាអប់រំ ពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា រដ្ឋបាលខេត្ត។
ឯកឧត្តមអភិបាលខេត្តបន្ថែមថា៖សន្និបាតរយៈពេល ២ថ្ងៃកន្លងមកនេះ បើកឱ្យសមាជិកសមាជិកាប្រើប្រាស់បញ្ញាញាណ ស្មារតី ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបញ្ចេញមតិយោបល់ព្រមទាំងបានផ្តល់ព័ត៌មានជាក់ លាក់ និយាយពិត និយាយត្រង់ឈានទៅរកការរីកចម្រើនសម្រេចបានលទ្ធផលផ្កាផ្លែគួរជាទីមោទនៈ។គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាពគឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ។
ឯកឧត្តមបានបន្ថែមទៀតថា៖ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរទៅបាន គឺត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយដែលត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស។ ដោយសារចំណុចនេះហើយទើប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងឲ្យបង្កើត «ស្តង់ដាសាលារៀនគំរូ» និងដាក់ឲ្យមានការប្រឡងប្រណាំង «សាលារៀនគំរូ» ចាប់ពីឆ្នាំ សិក្សា២០២៣-២០២៤នេះតទៅ។ នេះហើយគឺជាចំណុចពិសេសរបស់សន្និបាតអប់រំនាពេល នេះ ព្រោះ ភារកិច្ចលោក លោកស្រី នាយក នាយិកា ជាអ្នកគ្រប់គ្រង និងដឹកនាំអនុវត្តស្តង់ដាសាលារៀនគំរូផ្ទាល់។
ឯកឧត្តម ក៏បានអំពាវនាវដល់ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងខេត្តកណ្តាល មេត្តាយកចិត្តទុកដាក់ជំរុញសាលារៀនរបស់ខេត្តកណ្តាល ដែលមាន ៤៧សាលា ឲ្យក្លាយជា សាលារៀនគំរូ ទើបទទួលកិត្តិយសខេត្តយើង កិត្តិយសក្រុង/ស្រុកយើង កិត្តិយសសាលារៀនយើង កិត្តិយស ប្រជាជនយើង បានល្បីរន្ទឺពេញផ្ទៃប្រទេស។ ជាមួយនេះដែរសូមរដ្ឋបាលក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន ជួយចូល រួម និងជំរុញឲ្យសាលារៀនយើងក្លាយជាសាលាគំរូ ៕
វិថីនៃព័ត៌មាន: