សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រសរុបចំនួន ២.៤៤៣ នាក់ ស្មើនឹង ៤.៥៥២ ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់យុវជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយអំទ្បុងពេលជាង ១០ឆ្នាំ មកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានខិតខំបង្ខិតសេវាព្យាបាលឱ្យបានកៀកមូលដ្ឋានរស់នៅ និងដោយឥតគិតថ្លៃ ពោពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង ។ ជាក់ស្ដែង ថ្ងៃនេះសមាគម TYDA បានពិនិត្យ និងព្យាបាលជំងឺ មានជាអាទ៍ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តចំនួន ៨៤នាក់ ដែលមានអាការជំងឺធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត និងសម្តេចទាំងបី ក្នុងការផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់ ។

សូមបញ្ជាក់បញ្ជាក់ផងដែរថា ក្នុងឱកាសនោះ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗសិស្សានុសិស្សប្រមាណជិត ៥០០នាក់ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់ ៕

វិថីនៃព័ត៌មាន: