រដ្ឋមន្ដ្រីក្រសួងចំនួន៣ ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការគ្រប់គ្រងអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ​នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ដឹកនាំកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាពនានាក្នុងខេត្ត​ លោកអភិបាលក្រុង/ស្រុកទាំង៨ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត​។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​។ ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា​ កិច្ចការដ៏សំខាន់នេះ មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការឯកភាពគ្នា ចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព៕

វិថីនៃព័ត៌មាន: