មហាជនហួសចិត្ត ការដេញថ្លៃមិនធ្លាប់មាន ដេញថ្លៃចុះបានត្រឹម 0,98% !!! ស្នើលោក ខៀវ ប៉ាង នាយកទីចាត់ការ និងផែនការវិនិយោគខេត្ត ពិនិត្យឡើងវិញ ចំពោះ ក្រុមហ៊ុន ថេង រីតា និង ក្រុមហ៊ុន អុឹង ចាន់ឡា ព្រមទាំង ក្រុមហ៊ុន ហួ សៀកឡាង កំពុងបង្កភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ ឃុំទ្រៀល និង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំទ្រៀល និងឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ នេះគឺ៖
– គម្រោងទី១ ក្រុមហ៊ុន ថេង រីតា ដេញថ្លៃបានគម្រោង “សាងសង់ផ្លូវបេតុងអាមេប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ” ដែលមានតម្លៃប៉ាន់ស្មាន៖ ៣០៩,៧៦៤,៥២៥៛ (បីរយប្រាំបួនលាន ប្រាំពីររយហុកសិបបួនពាន់ ប្រាំរយម្ភៃប្រាំរៀលគត់) តម្លៃដេញបានទាបបំផុតនោះគឺ ៣០៦,៧០០,០០០៛ (បីរយប្រាំមួយលាន ប្រាំពីររយពាន់រៀលគត់) គឺចុះត្រឹមតែ ០.៩៨ភាគរយ មិនដល់មួយភាគរយផង។

សូមទស្សនាវីដេអូពេញ៖

https://www.tiktok.com/@streetofinformation_/video/7370643028513459464
https://fb.watch/s9xbsqCaSr/

– គម្រោងទី២   ក្រុមហ៊ុន ថេង រីតា ដេញថ្លៃបានគម្រោង “សាងសង់ផ្លូវលំក្រាលគ្រួសក្រហម១០០០ម៉ែត្រ និងសាងសង់លូ ២កន្លែង អង្កត់ផ្ចិត ០,៨ម៉ែត្រ ប្រវែង៧ម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ”តម្លៃប៉ាន់ស្មាន៖ ៩១,០៥៣,៩៤៦៛ តម្លៃក្រុមហ៊ុនដេញថ្លៃបាន ៨៩,០០០,០០០៛ គឺចុះថ្លៃត្រឹមតែ ២.២៥ភាគរយ ប៉ុណ្ណោះ។

– គម្រោងទី៣ ក្រុមហ៊ុន អ៊ឹង ចាន់ឡា ដេញថ្លៃបានគម្រោង “សាងសង់ផ្លូវប៉េតុងអាមេប្រវែង ៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ” តម្លៃប៉ាន់ស្មាន៖ ២៥០,១៣៧,១៥៩៛ តម្លៃដេញបាន ២១៩,០០០,០០០៛ គឺដេញចុះថ្លៃបានត្រឹមតែ ១២,៤៤ភាគរយប៉ុណ្ណោះ។

 

– គម្រោងទី៤ ក្រុមហ៊ុន ហួ សៀកឡាង ដេញថ្លៃបានគម្រោង “កែលម្អផ្លូវក្រាសគ្រួសក្រហមប្រវែង ៨០០ម៉ែត្រ និងសាងសង់លូទោលប្រវែង ៧ម៉ែត្រ នៅឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ” តម្លៃប៉ាន់ស្មាន៖ ៥៥,១៩៦,៧១៥៛ តម្លៃដេញបាន៖ ៥៣,០០០,០០០៛ គឺដេញចុះត្រឹម ៣,៩៧ភាគរយប៉ុណ្ណោះ។

 

មហាជន និងប្រជាជនក្នុងមូលដ្ឋានគ្រាន់តែឃើញពីលទ្ធផលនេះភ្លាម បានសម្តែងនូវការខកចិត្តចំពោះអាជ្ញាធរក្នុងការចាត់ចែងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំខាងលើនេះ និងស្នើសុំពិនិត្យឡើងវិញ ដោយមហាជនយល់ឃើញថា នេះប្រាកដជាមានការប្រពឹត្តអំពើពុករលួយ ដូចជាការនិយាយគ្នាជាមុនជាដើម នាំឱ្យការដេញថ្លៃគ្មានភាពសុក្រឹត្យ យុត្តិធម៌ បណ្តាលឱ្យខាតបង់ប្រាក់សម្រាបអភិវឌ្ឍន៍ឃុំសង្កាត់បន្តទៅមុខទៀត ព្រោះភាពជាក់ស្តែង ក្រុមហ៊ុនឈ្មោះ ថេង រីតា បានដេញបាន២គម្រោង គឺចុះត្រឹម ០.៩៨ភាគរយ និងចុះត្រឹម២.២៥ភាគរយប៉ុណ្ណោះ និងក្រុមហ៊ុនផ្សេងៗទៀត បាននិយាយគ្នារួចជាស្រេច មុននឹងចូលរួមដេញគម្រោង ដើម្បីយកថវិការដ្ឋចូលក្នុងហោប៉ៅ ចែកគ្នាចាយយ៉ាងរំភើយ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារសារព័ត៌មានបានធ្វើការទំនាក់ទំនងតាមរយៈតេឡេក្រាមទៅកាន់ក្រុមហ៊ុន ហួ សៀកឡាង ប៉ុន្តែលោកមិនចូលមើល និងឆ្លើយតបអ្វីទាំងអស់។ ក្រុមការងារក៏បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អ៊ឹង ចាន់ឡា តាមរយៈតេឡេក្រាម តែលោកបានចូលមើល រួចលុបការផ្ញើរសារ និងប្លុកចោលតែម្តង។ ចំណែកលោក ខៀវ ប៉ាង នាយកទីចាត់ការ និងផែនការវិនិយោគខេត្ត ក្រុមការងារយើងមិនអាចទំនាក់ទំនងបាន ព្រោះគ្មានលេខទូរស័ព្ទ ចំណែកក្រុមហ៊ុន ថេង រីតា ក្រុមការងារយើងមិនអាចធ្វើការទំនាក់ទំនងបាន ព្រោះគ្មានលេខទូរស័ព្ទ។

មហាជន និងប្រជាជនមានតែសង្ឃឹមថាលោក ខៀវ ប៉ាង នាយកទីចាត់ការ និងផែនការវិនិយោគខេត្ត ក៏ដូចជាឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាពិនិត្យឡើងវិញពីភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីឱ្យមានតម្លាភាព ប្រសិទ្ធភាព និងមិនបាត់បង់ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំបន្តទៅទៀត ជាពិសេសនោះ អ្នកវិភាគ ស្នើឱ្យឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតចំពោះការសង្ស័យថាជាអំពើខុសច្បាប់ដែលបានកើតមានខាងលើនេះផង។
អង្គភាពយើងរង់ចាំព័ត៌មានគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខ  0762223227 / 070407224

 

វិថីនៃព័ត៌មាន: