ប្រជាពលរដ្ឋមានតែសង្ឃឹមថាថ្នាក់ដឹកនាំនៃខេត្តកណ្ដាល នឹងមានវិធានការប្រកបដោយប្រសិទ្ធភាព ចំពោះល្បែងស៊ីសងតាមអ៉ីនធឺណេតក្នុងមូលដ្ឋានស្រុកស្អាង

ល្បែងអនឡាញស៊ីសងច្រើនប្រភេទដូចជា ឆ្នោត ឡូតូ ឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកស្អាង ខេត្តកណ្ដាល យ៉ាងគគ្រឹកគគ្រេង ដែលភាពអាណាធិបតេយ្យនៅក្នុងវង់ល្បែងអនឡាញទាំងនោះ បង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន។ ល្បែងអនឡាញទាំងនោះមានដូចជាឆ្នោតឡូតូឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកស្អាង ខេត្តកណ្ដាល។

ល្បែងស៊ីសងអនឡាញទាំងនោះ បើកដំណើរការតាំងពីព្រលឹម ដោយទទួលបានអតិថិជនជាច្រើនក្នុង១ថ្ងៃៗ ចំណែកទីតាំងខ្លះ ក៏មានល្បែងបុកប៊ីយែរនៅជាមួយនោះ បង្កឲ្យមានភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងៗ ឬយុវជន នៅចំពេលដែលប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ចប់សកម្មភាពក្មេងអាណាធិបតេយ្យទាំងនោះ។ ក្រៅពីល្បែងអនឡាញភ្នាល់ដូចជា ជល់មាន់ និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយគ្នានោះ  ដែលយុវជនមួយចំនួនធំគេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៉ីនធឺណេតដូចជានៅ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង, ផ្លូវបំបែកឃុំទឹកវិល, ភូមិរកាលើឃុំខ្ពប ជាដើម។ នៅបណ្ដាទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអាសមត្ថកិច្ចមូលដ្ឋាននោះឡើយ។

លោកអធិការនគរបាលស្រុកស្អាងលោករស់ ចន្ថា ត្រូវប្រជាពលរដ្ឋមើលឃើញថា ស្ទើរតែមិនមានចំណាត់ការទាល់តែសោះ ចំពោះក្រុមក្មេងយុវជនស្ទាវៗចូលលេងបុកប៊ីយែរបង្កភាពអាណាធិបតេយ្យ ឬក៏លេងល្បែងស៊ី សងទាំងនោះ គឺហាក់ភាពស្ងៀមស្ងាត់របស់លោកអធិការស្រុកស្អាងចំពោះទីតាំងល្បែងស៊ីសងអនឡាញទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា លោកមានជាប់ជំពាក់និងផលប្រយោជន៍ណាមួយពីពួកថៅកែម្ចាស់ល្បែងអ៉ីនធឺណេតទាំងអស់នោះ។

ដូច្នេះប្រជាពលរដ្ឋមានតែសង្ឃឹមថាថ្នាក់ដឹកនាំនៃខេត្តកណ្ដាល  នឹងមានវិធានការប្រកបដោយប្រសិទ្ធភាព ចំពោះល្បែងស៊ីសងតាមអ៊ីនធឺណេតក្នុងមូលដ្ឋានស្រុកស្អាងនោះផង៕

 

វិថីនៃព័ត៌មាន: