លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ពិតជាថ្លើមធំមែន ហ៊ានបណ្តែតបណ្តោយឱ្យល្បែងស៊ីសងកើតមានឡើងក្នុងមូលដ្ឋាន ល្មើសនឹងវិធានការបង្ក្រាបល្បែងស៊ីសងអនឡាញខុសច្បាប់របស់សម្តេចធិបតី
តើហេតុអ្វីបានជាលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ និងលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ គ្មានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ឬភ្លេចបទបញ្ជាសម្តេចធិបតី?
ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង កំពុងជ្រកក្រោមស្លាកហាងកាហ្វេមួយកន្លែងនៅភូមិទូលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងរលូន ហេតុនេះហើយពលរដ្ឋសង្ស័យថាអាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ និងលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បើកដៃឱ្យល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋាន ដើម្បីជាផលប្រយោជន៍ណាមួយ ឬខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មិនហ៊ានចាត់កម្លាំងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព នាំឱ្យប្រជាពលរដ្ឋមូលដ្ឋានកើតក្តីព្រួយបារម្ភពីភាពអសន្តិសុខនៅក្នុងសង្គម និងអំពើរហិង្សានៅក្នុងគ្រួសារ។
ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលថ្មី និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ប្រើកណ្តាប់ដៃដែក ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ព្រមទាំងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។