អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅឋានធម្មតា ប្រមាណ៩៥ភាគរយ ទូទាំងប្រទេស មិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសឡើយ
«អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅឋានធម្មតា នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ដែលមានប្រមាណ៩៥ភាគរយ នឹងមិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឡើយ»។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។
សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងរួមគ្នាដោយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បន្ទាប់ពីមានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ជុំវិញបញ្ហានេះនៅលើបណ្តាញសង្គមថ្មីៗនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានបំភ្លឺ និងពន្យល់ថា៖ «ក្នុងគោលនយោបាយ តែងគិតគូរដល់ប្រជាពលរដ្ឋពាក់ព័ន្ធថ្លៃ គ្រាន់ចង់បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋយើងធម្មតាមិនប៉ះពាល់អីទេ គឺថាអត់មានការបង់ថ្លៃ ហើយអាចនិយាយបានថា គ្របដណ្ដប់ប្រមាណតែ៩៥% នៃអ្នកប្រើប្រាស់តាមលំនៅឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៩៥ភាគរយ អត់មានប៉ះពាល់អីទេ»។
ដោយឡែក ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា៖ «បទបញ្ញត្តិពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ត្រូវបានចាប់អនុវត្តពីខែមីនា ឆ្នាំ២០២៤ ហើយដើម្បីឈានទៅអនុវត្តគោលការណ៍គ្រប់គ្រងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្ដីជូនដំណឹងម្តងរួចហើយកាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យទាំងអស់មកធ្វើស្វ័យប្រកាស។ ប៉ុន្តែក្រោយសេចក្ដីជូនដំណឹងនេះ មានតែ៩៤នាក់ប៉ុណ្ណោះដែលមកធ្វើស្វ័យប្រកាស ខណៈនៅមានចំនួនច្រើនទៀតមិនបានមកធ្វើស្វ័យប្រកាសសុំការអនុញ្ញាត»។
ឯកឧត្តន យឹម វិសិដ្ឋ បន្ថែមថា ដូច្នេះហើយទើបអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាការរម្លឹកដល់អ្នកប្រើប្រាស់ទាំងនោះឱ្យមកធ្វើស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «មិនមានអ្វីប៉ះពាល់ដល់ពលរដ្ឋ ឬជាការកៀបសង្កត់ដាក់បន្ទុកបន្ថែមដល់ប្រជាពលរដ្ឋឡើយ កុំមានការភាន់ច្រឡំ។ ផ្ទុយទៅវិញ គោលការណ៍ដែលអនុវត្តពេលនេះ សម្រាប់តែអ្នកដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ប្រព័ន្ធប្រើប្រាស់ពីបណ្ដាញផ្គត់ផ្គង់ជាតិប៉ុណ្ណោះ។ ចំណែក ប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែក ដូចជា អំពូលសូឡាបំភ្លឺសាធារណៈ ឬបណ្ដាញប្រើប្រាស់តាមផ្ទះដោយពន្លឺព្រះអាទិត្យ និយាយជារួមប្រភេទលំនៅឋានទូទៅធម្មតា មិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។ ហើយលំនៅឋានដែលដំឡើងប្រព័ន្ធសូឡាមិនលើសពី១០គឺឡូវ៉ាត់ (ប្រមាណ៥០អំពែ) មិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់»៕ ដកស្រង់ពី៖ AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤