ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (បូក Z) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ព័ត៌មានជាតិ

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (បូក Z) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាយុវជនស្រុកខ្សាច់កណ្តាល អញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (បូក Z) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (ប្លុកZ) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តី ត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឲ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៧៥,១៩១ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២១៥ លើកស្មើនឹង ២៩៤,៧៤៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២១៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិស៊ីធិរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (ប្លុកZ) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល សរុបចំនួន ១,៨៥៩ប័ណ្ណ ដែលក្នុងនោះ៖

១. ភូមិស៊ីធរលិច មានក្បាលដីសរុបចំនួន ១,១៦៨ក្បាលដី ចេញប័ណ្ណបានចំនួន ១,១០៥ក្បាលដី វិវាទ និង ម្ចាស់មិនចូលរួមចំនួន ៦៣ក្បាលដី។

២. ភូមិស្វាយមាស (ប្លុកZ) មានក្បាលដីសរុបចំនួន ៨៨៣ក្បាលដី ចេញប័ណ្ណបាន ៧៥៤ក្បាលដី វិវាទ និង ម្ចាស់មិនចូលរួមចំនួន ១២៩ក្បាលដី។