ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យាទូទាំងប្រទេស
ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យាទូទាំងប្រទេស

ពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀវចំនួន ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។

ក្នុងពិធីសំណេះសំណាលប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។

បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួន មានស្ថានភាពចរាចរណ៍និងមានរបៀបរៀបរយសណ្តាប់សាធារណៈល្អ កន្លងទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ខាងមុខនេះ រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ ក្នុងមួយឆ្នាំ ដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យា ដោយផ្អែកលើកម្ពស់បុរស១ម៉ែត្រ៧០សង់ទីម៉ែត្រឡើង និងនារី១ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង និងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់។

ទន្ទឹមនិងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធី ចំនួន ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ។

គួរបញ្ជាក់ថា៖ បញ្ហាប្រឈមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមានកម្រិតខ្ពស់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១ ៥២០លើកថយចុះ ១៤លើក ស្មើនឹង ១% ក្នុងនោះចំនួនអ្នកស្លាប់ មាន ៧៩៣នាក់ បានកើនឡើង ៣៧នាក់ ស្មើនឹង ៥%?អ្នករបួសចំនួន ២ ១១៦នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២% ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មី និងដាក់ចេញវិធានការជាច្រើន ដើម្បីតម្រង់ទិសដល់ការរឹតបន្តឹងការអនុវត្តច្បាប់ កាន់តែមានតម្លាភាព និងស័ក្តិសិទ្ធិភាព៕