ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយ៩៤ និង ៩៦ ស្ថិតនៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ
នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយលេខ៩៤ និង ៩៦ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះដែរ ឯកឧត្តមហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចទាំងអស់ មកទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ព្រោះថាស្ថានភាពទឹកនៅពេលនេះនៅតែបន្តឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរត្រូវចុះដល់មូលដ្ឋានដែលកំពុងជន់លិច ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់បន្តរស់នៅតំបន់ដែលរងហានិភ័យដោយជំនន់ទឹកភ្លៀងនេះឡើយ ហើយអាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំទឹកស្អាត បង្គន់អនាម័យ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពនេះឱ្យបានគ្រប់គ្រាន់។
ក្នុងនោះដែរឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្បែរតំបន់ជំនន់ទឹកភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស ពិសេសមនុស្សចាស់ និងក្មេងៗមិនត្រូវឱ្យនៅក្បែរទឹកឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលធ្វើឱ្យស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារបានរងការជន់លិចដោយជំនន់ទឹកភ្លៀង និងបានរកទីទួលសុវត្ថិភាពរួចហើយ និង៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។ ដោយឡែកឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២៩៤ គ្រួសារ ហើយគ្រួសារមកទីទួលសុវត្ថិភាពមានចំនួន ៣៧ គ្រួសារ។