ឆ្លើយតបទៅនឹងតម្រូវការជាអទិភាពនៅមូលដ្ឋាន រដ្ឋបាលក្រុងអរីយក្សត្រ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល
ព័ត៌មានជាតិ

ឆ្លើយតបទៅនឹងតម្រូវការជាអទិភាពនៅមូលដ្ឋាន រដ្ឋបាលក្រុងអរីយក្សត្រ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល

ខេត្តកណ្តាល៖ ដើម្បីកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងឡាយ ដែលបានស្នើឡើងដោយរដ្ឋបាលក្រុង និងសង្កាត់ ឆ្លើយតបទៅនឹងតម្រូវការជាអទិភាពនៅមូលដ្ឋាន សិក្ខាសាលាសមាហរណកម្មថ្នាក់ក្រុង សង្កាត់ របស់ក្រុងអរីយក្សត្រ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេនរដ្ឋបាលក្រុង ក្រោមអធិបតី ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរពាក់ព័ន្ធ អង្គការ និងសប្បុរសជននានាជាង ១០០នាក់។

ថ្លែងទៅកាន់អង្គសិក្ខាសាលានេះ ឯកឧត្តម ប្រាក់ សារ៉ាត់ បានមានប្រសាសន៍ថា សមាហរណកម្មនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះសិក្ខាសាលានេះនឹងធ្វើអោយមានការសម្របសម្រួលមួយ រវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង និងសង្កាត់ ដែលបង្កើតឲ្យមានកិច្ចសហការរវាងរដ្ឋបាលក្រុង ជាមួយរដ្ឋបាលសង្កាត់ និងគ្រប់ភាគីពាក់ព័ន្ធនានាកាន់តែប្រសើឡើង។ ឯកឧត្តម បានបន្តថា សិក្ខាសាលានៅពេលនេះ គឺជាការរួមចំណែកគាំទ្រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាក្រុង និងសង្កាត់។
ឯកឧត្តមបានស្នើដល់រដ្ឋបាលក្រុង និងសង្កាត់ទាំង១១ នៃក្រុងអរីយក្សត្រ ត្រូវខិតខំអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាព និងធនធានរបស់ស្ថាប័ន មន្ទីរពាក់ព័ន្ធ សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះបានប្រកបដោយជោគជ័យ។ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការក្រើនរំលឹកដល់រដ្ឋបាលក្រុងថា ដើម្បីឲ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលក្រុង និងសង្កាត់ទាំងអស់ត្រូវរៀបចំឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា លើគម្រោងជាអាទិភាព ដោយឆ្លុះបញ្ចាំងឲ្យបានច្បាស់លាស់អំពីតំរូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការនិង ការអនុវត្តគម្រោងឲ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់ខ្លួន ដើម្បីធ្វើការគាំលើទ្រគម្រោងដែលជាតម្រូវការរបស់ប្រជាពលរដ្ឋបានចំគោលដៅ។
ឯកឧត្តមអភិបាលរងខេត្ត បានឲ្យដឹងថា គម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២៣សម្រាប់អនុវត្តឆ្នាំ ២០២៤ មាន៣.៩២៨ គម្រោង មាន ៧វិស័យ រួមមាន: វិស័យកសិកម្ម ៣៥៧ វិស័យអាជីវកម្ម ៥១៨ គម្រោង វិស័យវិស័យអប់រំ ៤៤៣គម្រោង វិស័យសុខភាព ៩២៧គម្រោង វិស័យភាពងាយរងគ្រោះ ១៧៩ គម្រោង វិស័យបរិស្ថាន ៦១៩ គម្រោង និងវិស័យរដ្ឋបាលនិង សន្តិសុខ ៨៨៥ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២.៥៧៨ គម្រោង ស្មើ ៦៦ ភាគរយ។ ដោយឡែកក្រុង អរិយក្សត្រ គម្រោងស្នើឡើងទាំង៧វិស័យសរុប ២៩៩ គម្រោង រួមមាន៖ វិស័យកសិកម្ម ២៤ គម្រោង វិស័យអាជីវកម្ម ៤០ គម្រោង វិស័យវិស័យអប់រំ ២៥ គម្រោងវិស័យសុខភាព ៧៤ គម្រោង វិស័យភាពងាយរងគ្រោះ ២០ គម្រោង វិស័យបរិស្ថាន ៥៣ គម្រោង វិស័យរដ្ឋបាល និងសន្តិសុខ ៦៣ គម្រោង ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២២១ គម្រោង ស្មើ ៧៤ ភាគរយ។
សូមបញ្ចាក់ថា ជាលទ្ធផលនៃសិក្ខាសាលានេះ គម្រោងរបស់ក្រុងដែលដែលទទួលការគាំទ្រមាន ៤គម្រោង និងគម្រោងរបស់សង្កាត់ទទួលបានការគាំទ្រចំនួន ១៨៩គម្រោង។