អ្នកនាំពាក្យក្រសួងកសិកម្ម ទទូចដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតនិងយកវិស័យកសិកម្មមកលេងសើច
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានទទូចដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ មិនត្រឹមត្រូវនិងបង្កើតការភាន់ច្រឡំពីសាធារណជន។
លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះឯកឧត្តម ឃឹម ហ្វីណង់ បានសរសេរថា”សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០រៀលគឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង”។
ប្រតិកម្មបានកើតឡើងបន្ទាប់លើបណ្ដាញសង្គម ប៉ុន្មានថ្ងៃចុងក្រោយនេះមាន តិកតុក ជាដើម បានយកបទចម្រៀងចាប៉ីដងវែងមួយដែលកំពុងមានការចាប់អារម្មណ៍(សេកមន្ត) មកប្តូរទំនុកច្រៀងទាក់ទងនឹងតម្លៃស្រូវ ។ចម្រៀងចាប៉ី បែបឡែបខាយនេះ ប្តូរទំនុកដោយចម្អកនិយាយពីតម្លៃស្រូវមួយគីឡូក្រាម ៨០០រៀលទៅវិញ ហើយក៏ត្រូវបានចែករំលែកនិងយកមកច្រៀងតៗគ្នា ។
នៅថ្ងៃទី៤ ខែធ្នូនេះដែរអ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានបង្ហាញបច្ចុប្បន្នភាពនៃថ្លៃស្រូវនៅគ្រប់តំបន់ដែលមានវត្តមានមន្ត្រីកសិកម្មឃុំទៅដល់។ តម្លៃគឺ ជាមធ្យមយ៉ាងហោចណាស់ក៏១០០០រៀលក្នុងមួយគីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀបគ្នានោះទេ។
បើតាមឯកឧត្តម ឃឹម ហ្វីណង់ គឺ ៩០ភាគរយនៃផលិតកម្មស្រូវរបស់កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជាOM-IR។ ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង(នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត និងអាចមានតម្លៃត្រឹមជាង៩០០រៀល តែក៏ជាតម្លៃល្អរួចទៅហើយ ព្រោះការធ្វើស្រូវប្រភេទនេះមានថ្លៃដើមទាបខ្លាំង បើធៀបនឹងការធ្វើអង្ករក្រអូបឬអង្ករស ហើយក៏មិនមែនផលិតដើម្បីហេតុផលពាណិជ្ជកម្មដែរ៕