សកម្មភាពដ៏មហន្តរាយ នៃការកាប់ឈើ ដើម្បីរានយកដីកម្មសិទ្ធិ បានកើតមានគ្រប់ទីកន្លែងក្នុងដែនអភិរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ក្រោមកិច្ចដឹកនាំដ៏ឧត្តុងឧត្តមរបស់លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី គម្រប់ខួប១ឆ្នាំនេះគេសង្កេតឃើញថា សកម្មភាពដ៏មហន្តរាយ នៃការកាប់ឈើដើម្បីរានយកដី បានកើតមានគ្រប់ទីកន្លែងក្នុងដែនអភិរក្ស។ បើទោះបីជា កាលពីដើមខែកុម្ភៈឆ្នាំ ២០២៤ ក្រសួងបរិស្ថានជំរុញឲ្យមន្ទីរបរិស្ថាន រឹតបន្តឹងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពសកម្មភាពកាប់ព្រៃដើម្បីរានដី យ៉ាង ណាក៏ដោយ ក៏មន្ទីរបរិស្ថានតែមណ្ឌលគិរី មិនខ្វល់នឹងអនុវត្តនោះដែរ។ មិនតែប៉ុណ្ណោះ ប្រជាសហគមន៍នៅក្បែរតំបន់អភិរក្សមើលឃើញថា បើគ្មានការបិទភ្នែកពីមន្ត្រីបរិស្ថានទេនោះ គឺមិនមានការកាប់បំផ្លាញព្រៃដើម្បីរានយកដីនៅក្នុងដែនអភិរក្សដូចសព្វថ្ងៃនេះទេ។ ដោយ គង់ សុខហេង | 076 2223227 / 070407224
បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ ដើម្បីរានយកដីថ្មីៗបាននិងកំពុងកើតមាននៅតំបន់អភិរក្សភ្នំណាំលៀ។ បើតាមប្រភពបានរាយការណ៍ឲ្យដឹងថា សកម្មភាពកាប់ទន្រ្ទានដីព្រៃ ក្នុងតំបន់ការពារ(ដែនអភិរក្សបរិស្ថាន)ក្នុងខេត្តមណ្ឌលគិរីកើតឡើងយ៉ាងសកម្ម ដែលផ្ទុយពីច្បាប់ និងការណែនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ជាក់ស្តែង ក្នុងដែនជម្រកសត្វព្រៃណាំលៀរ តាមខ្សែរក្រវាត់ព្រំដែន និងក្នុងភូមិសាស្រ្តភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅចំណុចអូរតូយនិងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង នៅចំណុចទួលស្វាយ កំពុងកើតមានសកម្មភាពកាប់ដើម ឈើផ្ដួលថ្មីៗនិងកាប់រានដីព្រៃ បានកើតមានយ៉ាងស្ងៀម ស្ងាត់ ដោយគេមិនដែលឃើញក្រុមមន្ត្រីមានសមត្ថកិច្ចរបស់មន្ទីរបរិស្ថានចុះទៅមើលម្ដងណាទេ។
ចំណុចទីតាំងខាងលើត្រូវគេប្រាប់ថា ការកាប់បំផ្លាញព្រៃ ឈើដើម្បីឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ បានកើតជាហូរហែក្រោមខ្សែភ្នែកមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ វាជាការបូញមាត់បត់ដុំដៃ របស់អស់ លោកមន្ត្រីបរិស្ថានហើយនាំគ្នាដើរវាងៗ ទីដែលមានការកាប់បំផ្លាញព្រៃឈើនេះ។ នៅពេលដែលមានបញ្ហាកើត ឡើងពួកគេនិយាយថា មិនបានចុះល្បាតទៅដល់ទីកើត ហេតុនោះទេ។ ដូច្នេះពួកគេមិនដឹងថា មានអ្វីកើតឡើងទេ,ពោលគឺមិនដឹងអំពីការកាប់បំផ្លាញព្រៃនោះឡើយ។ នេះគឺជាសំដីដែលមិនទទួលខុសត្រូវសូម្បីតែពួកគេយក លុយពីអ្នកចូលកាប់ព្រៃរានយកដីនោះក៏ដោយ។ ទាំង នេះគឺជាយុទ្ធសាស្ត្រដែលគេគិតថា អាចនឹងរួចខ្លួនពីការ ទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចបរិស្ថាន។ តែសំដីគ្រប់ម៉ាត់របស់ពួកមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនមែនសុទ្ធតែត្រូវថ្នាក់ដឹកនាំក្រសួងជឿ ឬស្ថាប័នតុលាការជឿនោះទេ។
ករណីដែលបាននឹងកំពុងកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពេលនេះបានបង្ហាញឲ្យឃើញថា ក្រៅតែពីការដឹកនាំខ្សោយរបស់លោកឆៅ ប៊ុនធឿន ក៏បង្ហាញអំពីភាពពុករលួយគុបគិត ជាមួយពួកឈ្មួញក្នុងការបង្កើតឲ្យមានសកម្មភាពនៃការ កាប់បំផ្លាញព្រៃឈើដើម្បីយកដីនេះផងដែរ។ មជ្ឍដ្ឋានខ្លះបានចោទសួរថា តើមន្ត្រីបរិស្ថានមិនដឹងអំពីបញ្ហាបទ ល្មើសដែលកើត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេឬ? ចម្លើយ”ឱ្យដឹងយ៉ាងម៉េច បើពួកមន្ត្រីបរិស្ថានជាអ្នកបិទភ្នែកឲ្យមានបទល្មើសកាប់រាន ដីព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅហើយនោះ”។ ករណីនេះគឺជាទម្លាប់របស់ក្រុមមន្ត្រីបរិស្ថាន ដែលរឿងរ៉ាវពុករលួយបែបនេះ កំពុងត្រូវបានយកមកអនុវត្ត ជាយុទ្ធសាស្ត្រដើម្បីស្វែងរកលាបសក្ការៈ។
បន្ទាប់ពីដើមឈើកាប់ផ្ដួលរាបដល់ដីហើយនោះ ទើបគេឃើញអនុប្រធានមន្ទីរបរិស្ថាន លោករត្ន សុវណ្ណ ដឹកនាំកម្លាំងចុះដើរមើលតាមក្រោយ។ តាមលោករត្ឋ សុវណ្ណប្រុងលើកដើមឈើដែលគេអារផ្ដួល ដួលហើយនោះ ដាំឡើងវិញឬយ៉ាងដូចម្ដេច? តើករណីនេះ គ្មានអ្នកទទួលខុស ត្រូវទេឬ យ៉ាងដូចម្ដេច? សូម្បីលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏មិនដឹងថា តើត្រូវធ្វើដូចម្ដេចនោះដែរ។ ធ្វើដូចម្ដេចបើអង្ករក្លាយជាបាយហើយនោះ ដូច្នេះនាំគ្នាស៊ីទាំងអស់គ្នាទៅឬ? ល្មមបញ្ចប់វប្បធម៌នេះបានហើយឬនៅ?
ថ្មីៗនេះក្រសួងបរិស្ថាន បានចេញលិខិតណែនាំឲ្យគ្រប់មន្ទីរទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ចំពោះសកម្មភាពកាប់បំផ្លាញ,រានដីព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លិខិតក្រសួងបរិស្ថានដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ចុះថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤។ ប៉ុន្តែប្លែកអ្វីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនត្រឹមតែមិនរួមចំណែកទប់ស្កាត់សកម្មភាពការបំផ្លាញព្រៃឈើ រានយកដីប៉ុណ្ណោះ តែថែមទាំងជាដើមចម និងជាអ្នកឃុបឃិតឲ្យមានសកម្មភាពល្មើសច្បាប់ ផ្ទុយទៅនឹងសេចក្តីណែនាំរបស់ក្រសួងសាម៉ីទៅវិញទៀត។ ករណីដែលបានកើតឡើងនៅក្នុងដែនអភិរក្សភ្នំណាំលៀ ទាំងពីរទីតាំងខាងលើ គឺជាឧទាហរណ៍ជាក់លាក់មួយដែលគេរំពឹងថា ក្រសួងបរិស្ថានមិនបិទភ្នែកដោយងាយៗនោះទេ៕