ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Lee One-Seok ឯកអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធអនឡាញ
ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Lee One-Seok ឯកអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធអនឡាញ

ទីស្ដីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Lee One-Seok ឯកអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាលើការងារមួយចំនួនតាមរយៈប្រព័ន្ធអនឡាញ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែប្រសើរឡើង។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋអាជ្ញា បានសម្តែងនូវអំណរគុណទៅវិញទៅមក ចំពោះភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានកាន់តែជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញឱ្យបាននូវការចុះសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ដើម្បីបំពេញបន្ថែមលើសន្ធិសញ្ញាទ្វេភាគីចំនួន ២ ផ្សេងទៀតដែលមានស្រាប់គឺ សន្ធិសញ្ញាទ្វេភាគីស្ដីពីបត្យាប័ន និងសន្ធិសញ្ញាទ្វេភាគីស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។