ល្បែងស៊ីសងច្រើនប្រភេទ(ហ្គេមបាញ់ត្រី) កំពុងបើកដំណើរការឡើងវិញ ក្នុងទីក្រុងកោះពេជ្រ
ព័ត៌មានជាតិ

ល្បែងស៊ីសងច្រើនប្រភេទ(ហ្គេមបាញ់ត្រី) កំពុងបើកដំណើរការឡើងវិញ ក្នុងទីក្រុងកោះពេជ្រ

រាជធានីភ្នំពេញ ៖ ពិតជាថ្លើមធំមែន! ម្ចាស់ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ហ៊ានបើកដំណើរការឡើងវិញ គឺបាននាំចូលនូវទូរហ្គេមថ្មីៗទំនើបជាច្រើន និងបើកដំណើរការយ៉ាងរលូន នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីផ្អាកដំណើរការមួយរយៈពេលខ្លី ប៉ុន្តែអាជ្ញាធរមូលដ្ឋាន ហាក់ព្រងើយកន្តើយ មិនបង្ក្រាបឱ្យទាន់ពេលវេលា ដែលកន្លងមកសម្តេចធិបតី ព្រមទាំងឯកឧត្តម ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ មិនឱ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ប្រជាពលរដ្ឋបានបន្ថែមឱ្យដឹងថា ទីតាំងហ្គេមបាញ់ត្រី និងពហុហ្គេមជាច្រើនប្រភេទ បានបើកដំណើរការជាយូរឆ្នាំមកហើយ ដោយបិទមួយឆាវៗ តាមដែលថ្នាក់ដឹកនាំដាក់បទបញ្ជាតែប៉ុណ្ណោះ មួយរយៈក្រោយក៏បើកដំណើរការឡើងវិញជាធម្មតា ប្រហែលជាមានអាជ្ញាធរពុករលួយមួយចំនួន ដឹងមិនរាយការណ៍ សង្ស័យមានទាក់ទងនឹងផលប្រយោជន៍ ហើយមិនបង្ក្រាបឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

មហាជនសង្ឃឹមថា អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន គឺសំដៅដល់លោកអធិការខណ្ឌចំការមន និងលោកអភិបាលខណ្ឌចំការមន និងជាពិសេស គឺសំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ នឹងបញ្ជាដល់មន្ត្រីក្រោមឱវាទ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។