រដ្ឋបាលខេត្តក្រចេះ នឹងដកហូតដីព្រៃ ដែលត្រូវបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត មកជាសម្បត្តិរដ្ឋវិញ
ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ នឹងដកហូតដីព្រៃ ដែលត្រូវបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត មកជាសម្បត្តិរដ្ឋវិញ

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះបានដាក់ចេញនូវវិធានការ ៥ ចំណុច ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់ដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយនឹងត្រូវដកហូតយកដីដែលបានកាប់ទន្ទ្រាន ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ចាប់តាំងពីឆ្នាំ២០១៩ មកជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។

សេចក្តីជូនដំណឹង បានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា រដ្ឋបាលខេត្ត បានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩មក ដែលសកម្មភាពនេះជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះបីជារដ្ឋបាលខេត្ត ផ្នែកជំនាញ និង អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏នៅមានប្រជា ពលរដ្ឋបន្តការចូលកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញា ធរវាស់វែង ដើម្បីបានប្រើប្រាស់អាស្រ័យផលស្របច្បាប់ថែមទៀត។

ក្នុងន័យនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់ដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារ ធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

១.មោឃភាពចោលនូវរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុង តំបន់ការពារធម្មជាតិ ។

២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ ។

៣. ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុំព័ទ្ធ និងដាំដំណាំដើម្បី យកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

៤. អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់ ទន្ទ្រានឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោង ធ្វើរបងហ៊ុំព័ទ្ធ ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅ កាន់កាប់ ដោយត្រូវរុះរើដោយវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត ។

៥.ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុកពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្រោយទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកពាក់ព័ន្ធ ផ្នែកជំនាញ សាធារណជន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធដែលកំពុងរស់នៅ និង កាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ និងចូលរួម អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕