ល្បែងស៊ីសងអនឡាញ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់លោក យី វណ្ណដា ជាអធិការ នៅផ្លូវ២១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
បទល្មើស សន្តិសុខសង្គម

ល្បែងស៊ីសងអនឡាញ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់លោក យី វណ្ណដា ជាអធិការ នៅផ្លូវ២១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

តើមានបញ្ហាអ្វីនៅពីក្រោយបញ្ហាល្បែងស៊ីសងអនឡាញកើតមានឡើងនៅក្នុងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានមិនដឹង? ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញស្ថិតនៅផ្លូវលេខ២១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការទទួលភ្ញៀវចេញចូលបានយ៉ាងរលូន មិនទាន់មានអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានណានៅក្រុងតាខ្មៅ ខេត្តកណ្តាល ចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលាទាល់តែសោះ ដែលមហាជនដាក់ការសង្ស័យថាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ ទើបមិនហ៊ានចុះបង្ក្រាប។

កន្លងមកការព្រមានធ្ងន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់រាជធានី-ខេត្តទូទាំងប្រទេស គឺពិតជាមានការបិទបង្ក្រាបមែនចំពោះល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែមួយរយៈខ្លីក្រោយមកក៏ចាប់ផ្តើមកើតមានឡើងនៅល្បែងស៊ីសងខុសច្បាប់ឡើងវិញ នាំឱ្យបាត់បង់នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ហេតុដូច្នេះហើយពលរដ្ឋក្នុងមូលដ្ឋាន សង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល នឹងដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទ ចាត់វិធានការចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីព្យាបាលជំងឺមហារីកសង្គមមួយនេះ ឱ្យខានតែបាន។